ក្រុមហ៊ុន​គ្រោង​បោះ​បង្គោល​សាកល្បង​ពង្រីក​ដី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ

ដោយ អ៊ុក សាវបូរី វិទ្យុអាស៊ីសេរី ថ្ងៃទី ២៥ កុម្ភៈឆ្នាំ២០១៤

តវ៉ា​ជម្លោះ​ដី ភ្នំពេញ ៦១០

សមត្ថកិច្ច​ចម្រុះ​រារាំង​អ្នក​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ក្បែរ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដាក់​ញត្តិ​ឲ្យ​ក្រុមហ៊ុន អេស.ស៊ី.អេ (S.C.A) នា​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៣។

ប្រជាពលរដ្ឋ ៥​សហគមន៍​នៅ​ជុំវិញ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​រង​នូវ​ការ​បង្ខំ​ឲ្យ​ចេញ​ពី​ផ្ទះ កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ ក្រោម​ការ​ពង្រីក​ផ្ទៃដី​សុវត្ថិភាព​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ ក្រោយ​ពី​មាន​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ជាច្រើន​លើក​មក ធនាគារ​ពិភពលោក (World Bank) បញ្ជូន​អ្នក​ច្បាប់​ឲ្យ​ចុះ​សម្រប​សម្រួល​ជាមួយ​សហគមន៍​នោះ ដើម្បី​បញ្ចៀស​ការ​ដាក់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្នុង​បញ្ជី​ខ្មៅ។

រាជ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា និង​តំណាង​ក្រុមហ៊ុន​អាកាសចរណ៍ ចាប់​ផ្ដើម​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ពីរ​សង្កាត់ នៃ​ខណ្ឌ​ពោធិ៍សែនជ័យ ដែល​រង​នូវ​ផល​ប៉ះពាល់​ពី​ការ​ពង្រីក​ដី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​បោះ​បង្គោល ៥​ម៉ែត្រ​សាកល្បង ក្រោម​ការ​សម្រប​សម្រួល​ពី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (International Finance Corporation = IFC) ដែល​ជា​អង្គការ​មួយ​មាន​ទំនាក់ទំនង​ជាមួយ​ធនាគារ​ពិភពលោក។

មន្ត្រី​ផ្នែក​ច្បាប់​នៃ​អង្គការ​សិទ្ធិ​លំនៅឋាន លោក ណន អូនី ថ្លែង​ថា ការ​ប្រជុំ​នោះ គឺ​ធ្វើ​បន្ទាន់​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៤ បន្ទាប់​ពី​មាន​ការ​ព្រមាន​ថា អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នឹង​ត្រូវ​ចុះ​បញ្ជី​ខ្មៅ ហើយ​គ្មាន​ការ​អនុញ្ញាត​ឲ្យ​ហោះហើរ​ពី​បរទេស​មក​អាកាសយានដ្ឋាន​នេះ ប្រសិន​បើ​មិន​ដោះស្រាយ​សំណង​ជូន​ពលរដ្ឋ​នៅ​ជុំវិញ​អាកាសយានដ្ឋាន​នោះ​ទេ៖ «ប្រសិន ​ណា​បើ​គណៈកម្មការ​ចាប់​ផ្ដើម​បោះ​បង្គោល​បណ្ដោះ​អាសន្ន ដើម្បី​ធ្វើ​ការ​សិក្សា​ផល​ប៉ះពាល់​នោះ អាជ្ញាធរ​នឹង​អាច​ជូន​ដំណឹង​ទៅ​សហគមន៍​ទាំង​៥​ហ្នឹង​មួយ​សប្ដាហ៍​មុន។ ក៏ប៉ុន្តែ មក​ដល់​ពេល​នេះ គឺ​ខាង​ខ្ញុំ​មិន​ទាន់​ទទួល​ដំណឹង​ថា តើ​គណៈកម្មការ​នឹង​បោះ​បង្គោល​បណ្ដោះ​អាសន្ន​ហ្នឹង​នៅ​ថ្ងៃ​ណា​ទេ»

ការ​ពង្រីក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គ្រោង​បណ្ដេញ​ពលរដ្ឋ ៥​សហគមន៍ តាំង​ពី​អំឡុង​ឆ្នាំ​២០១២។ ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​ធនាគារ​ពិភពលោក ជួយ​ដោះស្រាយ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៣។ ធនាគារ​ពិភពលោក ប្រគល់​ការងារ​នេះ​ទៅ​សេនាធិការ​វិនិយោគ​ឈ្មោះ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ជួយ​ដោះស្រាយ​បន្ត ហើយ​សាជីវកម្ម​នោះ​បាន​បន្ត​ឲ្យ​ក្រុម​មេធាវី ស៊ី.អេ.អូ (CAO = The Compliance Advisor Ombudsman) មាន​តួនាទី​សម្រប​សម្រួល​ទទួល​បន្ទុក អង្កេត​បណ្ដឹង​ប្រជាពលរដ្ឋ។

លោក គង់ ផលលាក់ មេធាវី ស៊ី.អេ.អូ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន ដោយ​លោក​បំពេញ​បេសកកម្ម​នៅ​បរទេស។

តំណាង​សហគមន៍​ត្រពាំងល្វា នៅ​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ លោក លឹម ពៅ ថ្លែង​ថា គាត់​មិន​បាន​ដឹង​ថា ដី​គាត់​កំពុង​រស់​នៅ​ជម្រៅ ២៤​ម៉ែត្រ ទទឹង​ជាង ៧​ម៉ែត្រ ពាក់ព័ន្ធ​នឹង​ការ​ពង្រីក​ដី​អាកាសយានដ្ឋាន​ទេ៖ «ឲ្យ​ ព្រមព្រៀង​ក្នុង​បោះ​បង្គោល​វាត​ថយ​មក ៥​ម៉ែត្រ​ហ្នឹង ប៉ុន្តែ​ខាង​ខ្ញុំ​ប្រជាពលរដ្ឋ​អម​ជុំវិញ​របង​ព្រលាន​ហ្នឹង មិន​ព្រម​ឲ្យ​បោះ​ទេ ព្រោះ​អី​នៅ​ខាង​ក្នុង​ព្រលាន​ហ្នឹង ដី​ធំ​ណាស់»

តំណាង​សហគមន៍​ថ្ម​គោល​នៅ​សង្កាត់​ចោមចៅ អ្នកស្រី ច្រាយ នីម ថ្លែង​ថា ការ​ពង្រីក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មាន ២​ចំណុច គឺ​ទី​១ ខ្សែ​សុវត្ថិភាព​នៅ​ចុង​ទិស​ខាង​លិច ទៅ​ទល់​នឹង​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវ​វ៉េងស្រេង ទទឹង ៥០០​ម៉ែត្រ និង​បណ្តោយ ៣១៩​ម៉ែត្រ។ ទី​២ ខ្សែ​សុវត្ថិភាព​ផ្លូវ​ព័ទ្ធ​ជុំវិញ​ព្រលាន ទទឹង ៥​ម៉ែត្រ ចាប់​ពី​ចោមចៅ រហូត​ដល់​ផ្លូវ​ម៉ៃដា​២០០៤៖ «អ៊ីចឹង សុំ​ឲ្យ​គាត់​ធ្វើ​របង​ខាង​ក្នុង​វិញ រំកិល តែ​បើ​មិន​អាច​រំកិល​បាន ដាច់​ខាត​ត្រូវ​តែ​អភិវឌ្ឍ សុំ​ឲ្យ​គាត់​ផ្តល់​សំណង និង​យុត្តិធម៌​ឲ្យ​ប្រជាពលរដ្ឋ​ជា​មុន​សិន គឺ​ពួក​យើង​បាន​សម្រេច​ថា មិន​យក​លុយ​ទេ ពួក​យើង​សុំ​ដោះ​ដូរ​ដី​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ដោះ​ដូរ​ដី​ដែល​យើង​មើល​ឃើញ​នៅ​ក្បែរ​ទីតាំង​ចាស់​យើង»

ចៅ​សង្កាត់​ចោមចៅ លោក សុទ្ធ សាត ថ្លែង​ថា ក្នុង​សង្កាត់​ចោមចៅ មាន ៣​ភូមិ ដែល​រង​នូវ​ការ​ពង្រីក​អាកាសយានដ្ឋាន​ប៉ះពាល់ គឺ​ភូមិ​គោកចំបក់ ភូមិ​ថ្មគោល និង​ភូមិ​ព្រៃជីសាក់ និង​នៅ​សង្កាត់​កាកាប មាន​ភូមិ​ត្រពាំងល្វា និង​ភូមិ​តាងួន ដែល​នឹង​ប៉ះពាល់​ដី​អាកាសយានដ្ឋាន​នោះ មាន​ប្រជាពលរដ្ឋ​ជាង ៣៧០​គ្រួសារ។ លោក​ថា ក្រោយ​ពី​ការ​ប្រជុំ​កាល​ពី​ចុង​សប្ដាហ៍​មុន មិន​ទាន់​បាន​បោះ​បង្គោល​សាកល្បង​នៅ​ឡើយ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: