អ្នក​​​បុរី​កីឡា​ជំរុញ​តុលាការ​ឲ្យ​ចាត់ការ​​ពាក្យ​​បណ្ដឹង​ពួកគាត់

ដោយ ទេព សុរ៉ាវី វិទ្យុអាស៊ីសេរី ថ្ងៃទី ១៩ មិនា ឆ្នាំ ២០១៤

បុរីកីឡា ៦១០

អ្នក​ភូមិ​បុរីកីឡា តវ៉ា​នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០១៤។

ក្រុម​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​មក​ពី​សហគមន៍​បុរីកីឡា ថ្មគោល ក្រុម ៤៧ និង​សហគមន៍​បឹងកក់ ប្រមាណ ៥០​នាក់ បាន​នាំ​គ្នា​ដង្ហែ​ក្បួន​បាតុកម្ម​ពី​តំបន់​បុរីកីឡា មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មីនា ដោយ​មាន​លើក​បដា និង​ស្រែក​ទាមទារ​តុលាការ​ពន្លឿន​ដោះស្រាយ​នូវ​បណ្ដឹង​របស់​ស្ត្រី​សហគមន៍​ បុរីកីឡា ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​អាជ្ញាធរ​ខណ្ឌ​៧​មករា កាល​ពី​សប្ដាហ៍​មុន។

ក្រុម​សហគមន៍​មាន​ទំនាស់​ដីធ្លី​បាន​ឈរ​ស្រែក​តវ៉ា​នៅ​មុខ​សាលា​ដំបូង​ រាជធានី​ភ្នំពេញ ទាមទារ​សុំ​ឲ្យ​តុលាការ​ចាត់ការ​លើ​ពាក្យ​បណ្ដឹង​របស់​ពួកគាត់ ដែល​បាន​ប្ដឹង​អភិបាល អភិបាល​រង និង​ប្រធាន​សន្តិសុខ​ខណ្ឌ​៧មករា។

បណ្ដឹង​នោះ​ពាក់ព័ន្ធ​ពី​បទ​ប្រើ​ហិង្សា​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ ចាស់ ជរា និង​កុមារ​ដែល​បន្ត​ជ្រក​ក្រោម​តង់ និង​សំយាប​អាគារ ក្រោយ​ពី​ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច គឺ​លោកស្រី ស៊ុយ សុផាន ដែល​ស្និត​នឹង​គ្រួសារ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន វិនិយោគ​នៅ​តំបន់​នោះ។

តំណាង​សហគមន៍​បុរីកីឡា លោកស្រី ឆាយ គឹមហ៊ន ឲ្យ​ដឹង​ថា ពលរដ្ឋ​ក្នុង​សហគមន៍​នេះ​អស់​ភាព​អត់ធ្មត់​រង់ចាំ​ចំណាត់ការ​របស់​តុលាការ បន្ទាប់​ពី​អ្នក​ភូមិ ៧​នាក់ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​កាល​ពី​សប្ដាហ៍​មុន ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ តុលាការ​នៅ​មិន​ទាន់​ចាត់​ការ​សំណុំ​រឿង​នេះ​នៅ​ឡើយ៖ «តុលាការ​អត់​មាន​ ចំណាត់ការ​លើ​រឿង​បង​សោះ បង​មក​តវ៉ា​នៅ​មុខ​នេះ ទើប​ចាត់វិធានការ​ឲ្យ​ពួក​បង​ចូល​ទៅ​ជួប​គាត់។ ប្រសិន​បើ​ពួក​ខ្ញុំ​អត់​មក​ទាមទារ អត់​មក​រក​រឿង គាត់​អត់​ធ្វើ​ការ​ឲ្យ​ពួក​ខ្ញុំ​ទេ អ៊ីចឹង​បាន​ខ្ញុំ​គិត​ថា តុលាការ​នៅ​កម្ពុជា អត់​ឯករាជ្យ​សម្រាប់​ខ្ញុំ​ជា​ជន​រងគ្រោះ​ដីធ្លី​ទេ»

បន្ទាប់​ពី​ក្រុម​សហគមន៍​ស្រែក​តវ៉ា​នៅ​មុខ​តុលាការ មិន​យូរ​ប៉ុន្មាន​ភាគី​តុលាការ​បាន​អនុញ្ញាត​ឲ្យ​ដើម​បណ្ដឹង ៤​នាក់ ក្នុង​ចំណោម ៧​នាក់ ចូល​ទៅ​ជួប​ចរចា​ទាក់ទង​នឹង​បណ្ដឹង​នោះ។

តំណាង​តុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​ជួប​ចរចា​ជាមួយ​អ្នក​ភូមិ បាន​ប្រាប់​ថា ភាគី​តុលាការ​ទើប​តែ​ទទួល​បណ្ដឹង​នេះ​ដល់​ដៃ​កាល​ពី​ថ្ងៃ​ទី​១៨ មីនា និង​ស្នើ​សុំ​ឲ្យ​អ្នក​ភូមិ​ទុក​ពេល ៣​សប្ដាហ៍ ដើម្បី​ពិនិត្យ​រឿង​នេះ​មុន​នឹង​កោះ​ហៅ​ពួកគេ​មក​សាកសួរ។

យ៉ាង​ណា​ស្ត្រី​បុរីកីឡា​និង​ជា​ដើម​បណ្ដឹង លោកស្រី ហាស់ សុខចិន្តា ដែល​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ប្រាប់​ថា លោកស្រី​គ្មាន​ជំនឿ​ទៅ​លើ​តុលាការ​ទេ៖ «តុលាការ​តាំង​ពី​ដើម​មក​អត់​ឯករាជ្យ​សម្រាប់​ពួក​ខ្ញុំ​ដែល​ជា​ជន​រងគ្រោះ មិន​មែន​តែ​សហគមន៍​ខ្ញុំ​មួយ​ទេ គឺ​សហគមន៍​ទាំង​អស់»

តំណាង​អ្នក​ភូមិ​បុរីកីឡា លោក ពេជ្រ លឹមឃួន បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ស្ថិត​នៅ​ឯករាជ្យ ឬ​កុំ​ឲ្យ​លំអៀង​ទៅ​ខាង​អាជ្ញាធរ និង​ក្រុមហ៊ុន​ផានអ៊ីម៉ិច របស់​លោកស្រី ស៊ុយ សុផាន ដែល​ជា​ស្ត្រី​មាន​លុយ​ដ៏​លើសលប់​នោះ។

កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ កង​សន្តិសុខ​ខណ្ឌ​៧មករា ប្រមាណ ៣០​នាក់ ដែល​ចុះ​បញ្ជា​ផ្ទាល់​ដោយ​អភិបាល​ខណ្ឌ លោក សោម សុវណ្ណ អភិបាល​រង និង​ប្រធាន​សន្តិសុខ បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​បុរីកីឡា ដែល​នៅ​សេសសល់​បន្ត​ក្រាញននៀល​មិន​ចាកចេញ​ពី​អាគារ​ទី​៩ ស្ថិត​បុរីកីឡា។

អភិបាល​ខណ្ឌ​៧មករា លោក សោម សុវណ្ណ ធ្លាប់​ប្រាប់​ថា លោក​មិន​ព្រួយ​បារម្ភ​ចំពោះ​បណ្ដឹង​ប្រឆាំង​នឹង​លោក​ពី​សំណាក់​អ្នក​ បុរីកីឡា​ទេ។ លោក​ប្រាប់​ថា យុទ្ធនាការ​កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ នោះ ជា​កាតព្វកិច្ច​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច។

សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​គប្បី​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌ ហើយ​តុលាការ​ត្រូវ​ស្ថិត​ក្នុង​ឯករាជភាព៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: