អ្នក​ភូមិ​ត្រពាំង​ល្វា​សុំ​ឲ្យ​រដ្ឋ​អភិវឌ្ឍ​ព្រលាន​បញ្ចៀស​ពី​ភូមិ​ឋាន​គាត់

20140506_07

ពលរដ្ឋ​រស់​នៅ​ជាប់​ព្រលាន​យន្តហោះអន្តរជាតិ​ភ្នំពេញ​ប្រឈម​នឹង​ការ​បណ្តេញចេញ។ រូបថត លីណា

ដោយ ឆាយ ច័ន្ទនីដា, ភ្នំពេញប៉ុស្តិ៍, ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤

ភ្នំពេញៈ តំណាង​សហគមន៍​ដែល​ប៉ះពាល់​គម្រោង​ពង្រីក​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ បាន​អំពាវនាវ​ឲ្យ​អាកាសចរ​ស៊ីវិល កម្ពុជា​ធ្វើ​ការ​អភិវឌ្ឍ​បញ្ចៀស​ភូមិឋាន​ពួក​គេ ខណៈ​មន្ត្រី​ធានា​ថា ការ​ដោះស្រាយ​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ទទួល​យក​បាន។

លោក កៅ សុវណ្ណ ប្រធាន​សហគមន៍ ភូមិ​ត្រពាំង​ល្វា ថ្លែង​ក្នុង​សន្និសីទ​កាសែត​ស្តីពី​ផល​ប៉ះពាល់​ភូមិ​នេះ​ថា ភូមិ​ត្រពាំង​ល្វា ស្ថិត​នៅ​តាម​ផ្លូវ ២០០៤ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើប​តែ​ដឹង​ពី​ការ​អភិវឌ្ឍ​ព្រលាន​យន្តហោះ ត្រូវ​ប៉ះពាល់​ដល់​ភូមិ​ឋាន ពេល​មន្ត្រី​រដ្ឋាភិបាល​ចុះ​មក​ប្រជុំ​កាល​ពី ខែ​កុម្ភៈ។ ពី​មុន​មាន​សហគមន៍ ភូមិ​ថ្មគោល ច្រើន​ធ្វើ​ការ​តវ៉ា​ពី​ការ​ពង្រីក​ព្រលាន​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទះ​សម្បែង និង​រង​ការ​បណ្តេញ​ចេញ​នា​ពេល​ខាង​មុខ។

លោក​បន្ត​ថា៖ «ចំពោះ ភូមិ​ត្រពាំង​ល្វា ខ្ញុំ យើង​ទើប​តែ​ដឹង​ថា ការ​ពង្រីក​ព្រលាន​គេ​កាត់ ៥ ម៉ែត្រ​ពី​របង​ព្រលាន​អ៊ីចឹង​វា​នឹង​ប៉ះ​ផ្ទះ ពួក​យើង​ពី​ខាង​ក្រោយ​មក​វិញ។ ផ្ទះ​អ្នក​ខ្លះ​មាន​តែ ៧ ឬ ៨ ម៉ែត្រ​នោះ អាច​នឹង​មិន​សល់​ឯ​អ្នក​ខ្លះ​នឹង​អស់​តែ​ម្តង»។

លោក​ថា ពលរដ្ឋ​នៅ ត្រពាំង​ល្វា មាន ៦៣ គ្រួសារ​បាន​សរសេរ​ក្នុង​ញត្តិ​ចុះ​ថ្ងៃ ២៧ មេសា ដាក់​ជូន​ទៅ​ខាង​អាកាសចរ​ស៊ីវិល​កម្ពុជា​នា​ថ្ងៃ​អង្គារ​នេះ ដើម្បី​ឲ្យ​ដឹង​ពី​កង្វល់​ពួក​គាត់។

មាន​សហគមន៍​ភូមិ​ចំនួន​បួន​ក៏​នឹង​ត្រូវ​ប៉ះពាល់​ក្នុង​ការ​ពង្រីក​ដី​ ព្រលាន​យន្តហោះ​នេះ​ដែរ​មាន ភូមិ​ជ្រៃ​ជី​សាក់ តាងួន គោក​ចំបក់ និង ថ្មគោល ដែល​គេ​ប៉ាន់​ស្មាន​មាន​ពលរដ្ឋ​ទាំង​ប្រាំ​ភូមិ​សរុប ៥០០ គ្រួសារ។

អ្នក​ស្រី ច្រាយ នីម តំណាង​សហគមន៍ ថ្មគោល បាន​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ពលរដ្ឋ​សិន​មុន​នឹង​ កាត់​ដី​ដែល​ប៉ះពាល់ ៥ ម៉ែត្រ​នោះ។

ក្នុង​សន្និសីទ​កាសែត​កាល​ពី​ម្សិលមិញ ក៏​មាន​ក្រុម​នគរបាល​សង្កាត់ និង​មេភូមិ​ប្រមាណ ៥ នាក់ បាន​ចុះ​មក​សាក​សួរ​ព័ត៌មាន​នៃ​ការ​ធ្វើ​កម្មវិធី​នេះ ប៉ុន្តែ​ក៏​បាន​ចេញ​ទៅ​វិញ ដោយ​ពុំ​មាន​ការ​ប្រទូសរ៉ាយ​គ្នា​ឡើយ។

ជុំវិញ​ការ​ពង្រីក​ព្រលាន​នេះ​លោក សយ សុខាន់ អនុ​រដ្ឋលេខាធិការ​នៃ​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញ​ថា ដោយ​សារ​តម្រូវការ​សម្រាប់​បំពេញ​លក្ខខណ្ឌ​អង្គការ​អាកាសចរណ៍​ស៊ីវិល​ អន្តរជាតិ តម្រូវ​ឲ្យ​ព្រលាន​នីមួយៗ​មាន «តំបន់​សន្តិសុខ និង​តំបន់​សុវត្ថិភាព» ជុំវិញ​ព្រលាន​ចៀសវាង​អង្គការ​នោះ​ដាក់​ក្នុង​ឈ្មោះ «បញ្ជី​ខ្មៅ» នៃ​ព្រលាន​គ្មាន​សុវត្ថិភាព​រដ្ឋាភិបាល​បាន​រៀបចំ​តំបន់​នេះ ប៉ុន្តែ ក្នុង ឆ្នាំ​២០១២ នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ដែល​មាន​ប្រមុខ​ដឹក​នាំ​សំខាន់ៗ​លើ​ពិភពលោក​ រួម​ទាំង​លោក បារ៉ាក់ អូបាម៉ា នៃ​សហរដ្ឋ​អាមេរិក មក ប្រទេស​កម្ពុជា ផង​នោះ ក៏​តម្រូវ​ឲ្យ​មាន​ការ​ពិនិត្យ​លើ​ស្ថានភាព​សន្តិសុខ​សណ្តាប់​ធ្នាប់​ជុំវិញ ​ព្រលាន​ផង​ដែរ មុន​ការ​ចុះ​ចត​យន្តហោះ​របស់​ថ្នាក់​ដឹក​នាំ​ប្រទេស​ទាំង​នោះ។

លោក​បាន​ថ្លែង​ថា៖ «ដូច្នេះ​យើង​ត្រូវ​តែ​រៀបចំ​កែ​សម្រួល​ព្រលាន​យន្ត​ហោះ ឲ្យ​ស្រប​តាម​ស្តង់ដារ ហើយ​សូម្បី​តែ​ផល​ប៉ះពាល់​ក៏​ត្រូវ​ដោះស្រាយ​តាម​បទដ្ឋាន​អន្តរជាតិ​ផង​ដែរ គឺ​មិន​មែន​អត់​សំណង​នោះ​ទេ»។

លោក​បន្ថែម​ថា មក​ទល់​នឹង​ពេល​នេះ មាន​ភូមិ​ចំនួន ៤ តែ​មិន​ទាន់​ដល់ ភូមិ​ត្រពាំង​ល្វា ត្រូវ​បាន​គេ​ចុះ​កំណត់​ព្រំខណ្ឌ ដើម្បី​កំណត់​តំបន់​សន្តិសុខ និង​តំបន់​សុវត្ថិភាព ដើម្បី​ស្រង់​ធ្វើ​ជំរឿន​ពលរដ្ឋ​ដែល​ប៉ះពាល់។

លោក​មាន​ប្រសាសន៍​ថា៖ «រដ្ឋាភិបាល​ក៏​បាន​ដឹង​ថា ពួក​គាត់​បាន​មក​រស់​នៅ​ហ្នឹង​យូរ​មក​ហើយ។ យើង​នឹង​ដោះស្រាយ​ឲ្យ​វា​សមល្មម​អាច​ទទួល​យក​បាន​ហើយ​យើង​អត់​គាប​សង្កត់​ ពួក​គាត់​ទេ»៕

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: