នាយករដ្ឋមន្ត្រី​ថា​ជម្លោះ​ដី​នៅ​ជិត​ព្រលានយន្តហោះ​ជា​រឿង​មិន​នឹកស្មាន​ដល់​​

ដោយ ជន ស្រីណុច, VOD សំឡេងប្រជាធិបតេយ្យ, ថ្ងៃទី៩ ខែកញ្ញា​ ឆ្នាំ២០១៤

នាយករដ្ឋមន្ត្រីនៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ទទួលស្គាល់​ថាជម្លោះ​ដីធ្លី​នៅ​ជាប់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កើតឡើង​ជា​រឿង​ដែល​មិន​អាច​គិតស្មាន​ដល់​។​

ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​អាកាស នៅ​រាជធានី​ភ្នំពេញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​សព្វថ្ងៃ​នេះ​ដី​នៅ​ជុំវិញ​ព្រលាន​យន្តហោះ​មាន​លក្ខណៈ​តូចចង្អៀត ដោយសារតែ​ប្រជាជន​រស់នៅ​ច្រើន​។ លោក​ថា ដើមឡើយ​រដ្ឋ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ទាំងនោះ​រស់នៅ​បណ្តោះអាសន្ន តែ​ដល់​ពេល​នៅ​យូៗ​ទៅ ពេល​រដ្ឋ​ត្រូវ​ការអភិវឌ្ឍ​ដេញ​អត់​ចេញហើយ​ទារ​សំណង​ខ្ពស់ មិនតែប៉ុណ្ណោះ​ប្រកាស​ឲ្យ​ប្រទេស​មហាអំណាច​ជួយ​ថែមទៀត​។​

លោក ហ៊ុន សែន​ បន្តថា ទោះបី​បញ្ហា​ជម្លោះ​នៅ​ព្រលាន​យន្តហោះ​កើតឡើង​បែបណាក៏ដោយ ក៏​លោក​នៅ​តែ​រក​វិធី​ដោះស្រាយ​ដែរ។​

សាស្ត្រាចារ្យ និង​ជា​អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មានប្រសាសន៍ថា​ ការអភិវឌ្ឍ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន បាន​បន្សល់ទុក​នូវ​ទឹកភ្នែក​ស្ទើរ​គ្រប់​ទីកន្លែង តាមរយៈ​ការបណ្តេញចេញ ដោយ​មិន​មាន​សំណង​សមរម្យ​។ លោក​បន្តថា រដ្ឋ​អាង​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ តាមរយៈ​ការលើកឡើង​ថា​ពួក​គាត់​រស់នៅ​សំណង់​អានាធិបតេយ្យ​។ ផ្ទុយទៅវិញ អ្នកមាន​លុយ​មានអំណាច ដែល​ចាប់ដី​ដំណាលគ្នា​នឹង​ពលរដ្ឋ​ដែរ ពួកគេ​អាច​រស់នៅ​ធ្វើ​ផ្ទះ​ធំៗ​យ៉ាង​មានក្តី​សុខ មិន​មាន​ការ​រុកកួន​ពីរ​ដ្ឋ​ទេ​។ លោក​មាស នី បន្តថា ដើម្បី​ដោះស្រាយ​បញ្ហា​បាន រដ្ឋ​ត្រូវតែ​សង​សំណង​ឲ្យបាន​សមរម្យ​ជូន​ប្រជាពលរដ្ឋ ដោយ​ត្រូវ​រក​អ្នកជំនាញ​មក​វាយ​តម្លៃ​លើ​សំណង​នោះ។​

​លោក ​មាស នី យល់ឃើញថា បញ្ហា​ដែល​កើតឡើង​នេះ គឺ​មក​ពី​រដ្ឋ​ធ្វើ​ការអភិវឌ្ឍ​មិន​មាន​គម្រោង​ច្បាស់លាស់​។

តំណាង​ពលរដ្ឋ​ប៉ះពាល់​ដីធ្លី​នៅ​សហគមន៍​ថ្មគោល អ្នកស្រី​ច្រាយ នី​ម ប្រតិកម្ម​តប​នឹង​ប្រសាសន៍​លោក​ហ៊ុន សែន ដោយ​អ្នកស្រី​លើកឡើងថា ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី ហើយ​ជា​អាណា​ព្យាបាល​គេ មិនគួរ​ថ្លែង​ក្នុង​លក្ខណៈ​មិន​មាន​ទទួលខុសត្រូវ​បែបនេះ​ទេ ខណៈ​ពលរដ្ឋ​ទាំងនោះ​រស់​នៅ​មាន​ប័ណ្ណកម្មសិទ្ធិ​ត្រឹមត្រូវ បាន​បង់ពន្ធ​ឲ្យ​រដ្ឋ ហើយ​គ្រួសារ​ខ្លះ មាន​ប្លង់​រឹង​ទៀតផង​។

​ទោះជា​យ៉ាងណា​ កន្លងមក​គេ​ឃើញ​ប្រជាពលរដ្ឋ​មួយចំនួន នៅ​ជុំវិញ​ព្រលានយន្តហោះ ដូចជា​សហគមន៍​ថ្មគោល​ជាដើម បាន​ផ្ទុះ​ការតវ៉ា​ជា​បន្តបន្ទាប់ ខណៈ​អាជ្ញាធរ​បណ្តេញចេញ តែ​មិន​មាន​សំណង​សមរម្យ​។ បើ​តាម​ពលរដ្ឋ​ឲ្យដឹងថា ពលរដ្ឋ​ដែល​ប៉ះពាល់​ផ្ទះ និង​ដី​នោះ​រួមមាន​៥​ភូមិ មាន​ចំនួន​ជិត​៦០០​គ្រួសារ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: