ពលរដ្ឋ​សហគមន៍ SOS ដាក់​ញត្តិ​រក​អន្តរាគមន៍​ពី​បណ្ដា​ស្ថានទូត​មហា​អំណាច

ដោយៈ រ៉ាន់ សំណាង, អាស៊ីសេរី, ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៤

កៅ សុវណ្ណ ព្រលាន​យន្តហោះ​ភ្នំពេញ ៦២០

តំណាង​សហគមន៍​ត្រពាំងល្វា លោក កៅ សុវណ្ណ ថ្លែង​ក្នុង​សន្និសីទ​កាសែត បង្ហាញ​ពី​លិខិត​ផ្សេងៗ​បញ្ជាក់​ថា​ពួក​គាត់​រស់នៅ​ដោយ​ស្រប​ច្បាប់​ក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៤។

ពលរដ្ឋ​សហគមន៍ អេស.អូ.អេស (SOS) ដែល​រង​ផល​ប៉ះពាល់​ដីធ្លី និង​ផ្ទះ​សម្បែង​ពី​ការ​អភិវឌ្ឍ​តំបន់​សន្តិសុខ និង​សុវត្ថិភាព​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​មាន​ការ​ចូលរួម​ពី​អ្នក​បឹងកក់ និង​បុរីកីឡា ប្រមាណ ៤០​នាក់ បាន​នាំ​គ្នា​ដាក់​ញត្តិ​តាម​ស្ថានទូត​មហា​អំណាច​មួយ​ចំនួន​ក្នុង​រាជធានី​ ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ធ្នូ។

ស្ថានទូត​ទាំង​នោះ​មាន ស្ថានទូត​បារាំង ស្ថានទូត​សហរដ្ឋ​អាមេរិក និង​ស្ថានទូត​សហគមន៍​អឺរ៉ុប ប្រចាំ​កម្ពុជា។ ពលរដ្ឋ​លើក​ឡើង​ថា គោល​បំណង​នៃ​ការ​ដាក់​ញត្តិ​នេះ គឺ​ស្វែងរក​អន្តរាគមន៍​ពី​បណ្ដា​ស្ថានទូត​លើ​ជម្លោះ​ដីធ្លី​រវាង​ពួក​គាត់ និង​ក្រុមហ៊ុន​បារាំង អេស.ស៊ី.អេ (SCA) ដែល​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។

អនុប្រធាន​សហគមន៍ អេស.អូ.អេស លោក កៅ សុវណ្ណ ថ្លែង​ឲ្យ​ដឹង​ពី​គោល​បំណង​នៃ​ការ​ដាក់​ញត្តិ​នេះ​ថា លោក​ស្នើសុំ​ឲ្យ​ស្ថានទូត​ទាំង​នេះ ជួយ​អន្តរាគមន៍​ចំពោះ​សំណើ​របស់​ពលរដ្ឋ ៣​ចំណុច។ ខ្លឹមសារ​ក្នុង​ញត្តិ ពលរដ្ឋ​សហគមន៍ អេស.អូ.អេស ស្នើសុំ​ប្លង់​កម្មសិទ្ធិ​នៅ​នឹង​កន្លែង​សម្រាប់​ដី និង​ផ្ទះ​ដែល​សេសសល់​ពី​ការ​កាត់​ផល​ប៉ះពាល់ ៥​ម៉ែត្រ ហើយ​ដី​ដែល​រង​ផល​ប៉ះពាល់ រដ្ឋាភិបាល​ត្រូវ​ទិញ​តាម​តម្លៃ​ទីផ្សារ គឺ​ជាង ២​ពាន់​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ ចំណុច​ទី​២ ចំពោះ​ដី និង​ផ្ទះ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង ឬ​ទាំង​ស្រុង រដ្ឋាភិបាល ឬ​ភាគី​ក្រុមហ៊ុន ត្រូវ​ទិញ​ក្នុង​តម្លៃ​ទីផ្សារ គឺ​ជាង ២​ពាន់​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ ហើយ​ចំណុច​ចុង​ក្រោយ សម្រាប់​គ្រួសារ​ដែល​ចង់​បាន​ការ​ដោះ​ដូរ​ដី និង​ផ្ទះ រដ្ឋ​ត្រូវ​ផ្ដល់​ដី និង​ផ្ទះ​ឲ្យ​ពលរដ្ឋ​តាម​ទំហំ​ជាក់ស្ដែង​ផ្ដល់​ប្លង់​កម្មសិទ្ធិ និង​នៅ​ជាប់​តាម​បណ្ដោយ​ផ្លូវ​២០០៤ ចាប់​ពី​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ដល់​សាលា​អន្តរជាតិ​ណតប្រ៊ីដ (Northbridge International School)។

លោក កៅ សុវណ្ណ៖ «យើង​ចង់​ឲ្យ​ស្ថានទូត​ទាំងអស់ ស្ថានទូត​អាមេរិក ស្ថានទូត​បារាំង និង​សហគមន៍​អឺរ៉ុប អន្តរាគមន៍​ទៅ​រដ្ឋាភិបាល និង​ក្រុមហ៊ុន អេស.ស៊ី.អេ ដែល​ពង្រីក​តំបន់​សន្តិសុខ​សុវត្ថិភាព​របស់​ព្រលាន​យន្តហោះ​ហ្នឹង ឲ្យ​ដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ​តាម​អ្វី​ដែល​ប្រជាពលរដ្ឋ​បាន​ស្នើសុំ គឺ​សុំ​ឲ្យ​ស្ថាប័ន​ទាំងអស់​តាម​ឃ្លាំ​មើល និង​ការពារ​សុវត្ថិភាព​តំណាង​អ្នក​តស៊ូ​មតិ​ទាំងអស់​ហ្នឹង កុំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន ឬ​ក៏​គំរាម​កំហែង​លើ​ផ្នែក​ណា​មួយ»

អនុប្រធាន​សហគមន៍ អេស.អូ.អេស លោក កៅ សុវណ្ណ បញ្ជាក់​ជំហរ​ថា ប្រជា​សហគមន៍​នឹង​តវ៉ា​មុខ​ការិយាល័យ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ អាយ.អេហ្វ.ស៊ី (IFC = International Finance Corporation) ដែល​ជា​សាខា​មួយ​របស់​ធនាគារ​ពិភពលោក (World Bank) ឲ្យ​ស្រាយ​បំភ្លឺ​ទាក់ទង​នឹង​ការ​ផ្តល់​ប្រាក់​កម្ចី​ទៅ​ឲ្យ​ក្រុមហ៊ុន​ បារាំង អេស.ស៊ី.អេ សម្រាប់​ការ​អភិវឌ្ឍ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។ ពលរដ្ឋ​យល់​ថា ការ​ផ្តល់​ប្រាក់​កម្ចី​នេះ ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​ពួក​គាត់​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ៕

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: