សហគមន៍ SOS ដាក់​ញត្តិ​ទៅ IFC ស្នើសុំ​ជួយ​ដោះស្រាយ​ផល​ប៉ះពាល់​ដីធ្លី

ដោយ៖ អ៊ុក សាវបូរី, វិទ្យុអាស៊ីសេរី,  ថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៥

RFA 001

ពលរដ្ឋ​សហគមន៍ អេស.អូ.អេស (SOS) រស់នៅ​ជាប់​របង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដាក់​ញត្តិ​ទៅ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ហៅ​កាត់​ថា អាយ.អេហ្វ.ស៊ី (IFC) នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

ពលរដ្ឋ​សហគមន៍ អេស.អូ.អេស (SOS) រស់នៅ​ជាប់​របង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ប្រមាណ ១០​នាក់ ដាក់​ញត្តិ​ទៅ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ហៅ​កាត់​ថា អាយ.អេហ្វ.ស៊ី (IFC) នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ស្នើសុំ​ឲ្យ​សហការ​ជាមួយ​សហគមន៍ ដើម្បី​ស្វែងរក​ដោះស្រាយ​សមរម្យ និង​ផ្តល់​យុត្តិធម៌​ចំពោះ​ការ​ពង្រីក​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដីធ្លី​ពលរដ្ឋ​ជាង ៦០០​គ្រួសារ។

តំណាង​សហគមន៍ អេស.អូ.អេស លោក កែវ សុវណ្ណ ឲ្យ​ដឹង​ថា សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ជា​អ្នក​ផ្តល់​ប្រាក់​កម្ចី​ដើម្បី​ឲ្យ​មាន​ការ​អភិវឌ្ឍ​ព្រលាន​យន្តហោះ​ អន្តរជាតិ​នោះ។ ដូច្នេះ ទើប​ពួក​គាត់​មក​ដាក់​ញត្តិ​ស្នើសុំ​ឲ្យ​ស្ថាប័ន​នេះ​វាយ​តម្លៃ​ដី​ប៉ះពាល់ និង​ចរចា​តម្លៃ​ឲ្យ​ត្រូវ​គ្នា​ជា​មុន​សិន ចាំ​អភិវឌ្ឍ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ដូច​បឹងកក់ បុរីកីឡា ដី​ក្រហម សម្បុក​ចាប ជាដើម៖ «ឥឡូវ ​បាន​ជា​យើង​ដាក់​ញត្តិ​មុន​ហ្នឹង ដោយសារ​ឲ្យ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​ដឹង​នូវ​តម្រូវ​ការ​របស់​យើង ឲ្យ​គាត់​ចេញ​ជា​សារាចរ​ណែនាំ ឬ​ក៏​ចេញ​ជា​អនុក្រឹត្យ​មក​ឲ្យ​មើល​សំណើ​របស់​ប្រជាពលរដ្ឋ​សិន។ បើ​សិន​ជា​គាត់​ចេញ​មក​សម្រេច​មិន​មើល​សំណើ​របស់​ប្រជាពលរដ្ឋ​ទេ បាន​ន័យ​ថា ភាគី​ទាំងអស់​នោះ​ទាំង​រដ្ឋាភិបាល ទាំង​ក្រុមហ៊ុន រំលោភ​សិទ្ធិ​ពលរដ្ឋ»

ទាក់ទង​បញ្ហា​នេះ តំណាង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ អាយ.អេហ្វ.ស៊ី អ្នកស្រី គា គន្ធា ថ្លែង​ថា គាត់​បាន​ទទួល​ញត្តិ​ពលរដ្ឋ​សហគមន៍​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ អេស.អូ.អេស នោះ​ហើយ។ គាត់​នឹង​បញ្ជូន​ញត្តិ​នោះ​ទៅ​ប្រធាន ប៉ុន្តែ​មិន​ទាន់​អាច​ដឹង​ថា មាន​ដំណោះស្រាយ​យ៉ាង​ណា​ទេ។

ចាប់​ពី​ឆ្នាំ​២០១៣ មក សហគមន៍​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ អេស.អូ.អេស ចាប់​ផ្ដើម​ដើរ​តវ៉ា និង​ដាក់​ញត្តិ​ទៅ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ សុំ​ឲ្យ​មាន​សំណង​សមរម្យ បន្ទាប់​ពី​មាន​ការ​លើក​ប្រកាស​ថា ព្រលាន​យន្តហោះ​នឹង​ពង្រីក ៥​ម៉ែត្រ​តាម​បណ្តោយ​របង​ព្រលាន​ចាស់។ អ្នក​ភូមិ​ជាង ៦០០​គ្រួសារ​រស់នៅ ៥​ភូមិ ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ដែល​អះអាង​ថា​រស់នៅ​អម​របង​ព្រលាន​នោះ ស្នើសុំ ៣​ចំណុច គឺ​ការ​ពង្រីក ៥​ម៉ែត្រ ប៉ះ​ផ្ទះ និង​ដី​ទាំង​ស្រុង ស្នើសុំ​ឲ្យ​រដ្ឋ​ទិញ​យក​តម្លៃ ២​ពាន់​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ដី​ប៉ះពាល់​តិចតួច រដ្ឋ​ទិញ​តម្លៃ ២,៥០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ និង​សម្រាប់​គ្រួសារ​មិន​ចង់​ប្ដូរ​លំនៅ រដ្ឋ​ត្រូវ​សង់​ផ្ទះ​តាម​ទំហំ​ជាក់ស្តែង​នៅ​ផ្លូវ​២០០៤ និង​ផ្តល់​ប្លង់​កម្មសិទ្ធិ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: