ពលរដ្ឋ​៣០​គ្រួសារ​នៅ​ខេត្ត​ពោធិ៍សាត់​តវ៉ា​ទាមទារ​ដី

ប្រភព៖ វិទ្យុអាស៊ីសេរី | ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦, ដោយ ជិន ជេដ្ឋា

Exhibition

តំណាង​ប្រជាពលរដ្ឋ​មាន​បញ្ហា​ដី​ព្រៃ​សហគមន៍ នៅ​ចំណុច​កូនភ្នំ ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ លោកស្រី កែវ ស្រីមុំ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ ទី​១ ខែ​មីនា ឆ្នាំ​២០១៦។

ពលរដ្ឋ​ក្រីក្រ​ចំនួន ៣០​គ្រួសារ មក​ពី​បណ្ដា​ខេត្ត​នានា ដែល​ចូល​ទៅ​រស់​នៅ​លើ​ដី​ព្រៃ​សហគមន៍​ត្រង់​ចំណុច​កូន​ភ្នំ នៃ​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ តវ៉ា​ទាមទារ​ដី​ទំហំ ១៥០​ហិកតារ​ដោយ​អះអាង​ថា ពួកគេ​បាន​អាស្រ័យផល និង​សង់​ខ្ទម​រស់​នៅ​តាំង​ពី​អំឡុង​ឆ្នាំ​២០០០។ ប៉ុន្តែ​អាជ្ញាធរ​បញ្ជាក់​ថា ក្រុម​ពលរដ្ឋ​ទើប​រំលោភ​យក​ដី​សហគមន៍​នៅ​អំឡុង​ឆ្នាំ​២០១៣។

តំណាង​ពលរដ្ឋ​ពីរ​នាក់ បាន​ជួប​ប្រឹក្សា​ផ្លូវ​ច្បាប់ និង​សុំ​អន្តរាគមន៍​ពី​មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ខេត្ត​ពោធិ៍សាត់ ក្រោយ​ពី​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ៣០​គ្រួសារ ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់​ពន្ធនាគារ​ទាក់ទង​នឹង​ការ​ទន្ទ្រាន​ដី​ព្រៃ។ ពួកគេ​អះអាង​ថា ការ​ចូល​ចាប់​ដី​នៅ​ចំណុច​កូន​ភ្នំ​នេះ គឺ​នៅ​បន្ទាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​ប្រាប់​ឲ្យ​ពលរដ្ឋ​ណា​ដែល​អត់​មាន​ដី ត្រូវ​រក​ដីធ្លី​រស់​នៅ និង​អាស្រ័យ​ផល។

អតីត​ពលទាហាន​ឈរ​ជើង​នៅ​តំបន់​ឃុំ​ថ្មដា ព្រំដែន​ខ្មែរ-​ថៃ និង​ជា​តំណាង​ពលរដ្ឋ​ទាំង ៣០​គ្រួសារ គឺ​លោក គល់ រីកែន មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​មាន​ពលរដ្ឋ​មួយ​ចំនួន​ខ្លបខ្លាច​មិន​ហ៊ាន​ចូល​ធ្វើ​ចម្ការ​ដូច​សព្វ​ដង ព្រោះ​ឃើញ​គេ​ចាប់​ពលរដ្ឋ​ម្នាក់​ដាក់​គុក។ ប៉ុន្តែ​រូប​លោក និង​ពលរដ្ឋ​មួយ​ចំនួន​ទៀត​នៅ​តែ​ប្រកាន់​ជំហរ​ចូល​ធ្វើ​ចម្ការ និង​ទាមទារ​ដី​នោះ ព្រោះ​ពួកគាត់​ក្រីក្រ​ និង​គ្មាន​ដី​ពិតប្រាកដ៖ «នៅ​ស្រុក​កំណើត​អត់​មាន​ដីធ្លី​តាំង​ពី​សម័យ​ហ្នឹង​មក ហើយ​បាន​មក​នៅ​ស្រុក​ហ្នឹង​រហូត​តាំង​ពី​មុន​ឆ្នាំ​២០០០ ឬ​២០០០ ហ្នឹង​មក។ សំណូមពរ​ឲ្យ​អង្គការ​លីកាដូ ជួយ​អន្តរាគមន៍​ទៅ​ខាង​អាជ្ញាធរ ដើម្បី​រក​យុត្តិធម៌​ឲ្យ​ខាង​ប្រជាជន​នៅ​ក្នុង​តំបន់​កូនភ្នំ ឃុំ​ប្រមោយ»

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​ដែល​ប្ដី​ជាប់​ពន្ធនាគារ​ដោយសារ​រឿង​ដីធ្លី​នេះ គឺ​លោកស្រី កែវ ស្រីមុំ ឲ្យ​ដឹង​ថា ជា​ច្រើន​ឆ្នាំ​ហើយ​ដែល​រូប​គាត់ និង​ប្ដី​ឈ្មោះ ម៉ក់ ភារម្យ ប្រកប​មុខរបរ​លក់​ពោត​ស្ងោរ​ដោយ​យក​ទីតាំង​ដី​សព្វថ្ងៃ​ធ្វើ​ជា​ជម្រក​ផង និង​ទីតាំង​លក់​ដូរផ​ង។ លោកស្រី និង​កូន​បួន​នាក់​ក្នុង​បន្ទុក​កំពុង​រស់នៅ​យ៉ាង​លំបាក ក្រោយ​សមត្ថកិច្ច​ចាប់​ប្ដី​គាត់​ទៅ​ដាក់​គុក​នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦៖ «គេ​និយាយ​គំរាម​ទាំង​អស់​គ្នា… តែ​គេ​ទៅ​ទាន់​កំពុង​តែ​ធ្វើ (កាប់​ឈើ​ក្នុង​សហគមន៍) នឹង​ចាប់​បញ្ជូន​ទាំង​អស់។ (ជិន ជេដ្ឋា៖ តើ ៣០​គ្រួសារ​ហ្នឹង​សុទ្ធ​តែ​អ្នក​អត់​មាន​ដី​ទាំង​អស់ ឬ​យ៉ាង​ម៉េច?)  សុទ្ធ​តែ​អត់​មាន​ដី​ទាំង​អស់ ហើយ​មេ​ភូមិ មេ​ឃុំ បាន​ប្រជុំ​កាល​ពី​មុន​បោះឆ្នោត​អាណត្តិ​មុន​នេះ​ថា នឹង​ចែក​ពលរដ្ឋ ១​គ្រួសារ ៥​ហិកតារ និង​ដី​ឡូត៍ ដល់​ហើយ​ទៅ​ពួក​ខ្ញុំ​ចាំ​មើល​អត់ៗ បាន​សម្រេច​ចិត្ត​ចូល​ធ្វើ​កន្លែង​ហ្នឹង​ទាំង​អស់​គ្នា»

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ស្រុក​វាលវែង​លោក ហេង សុភាណា ថ្លែង​ថា មុន​នឹង​តំណាង​សហគមន៍ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់​វិធានការ​ទៅ​លើ​ពលរដ្ឋ​ទាំង​នោះ គឺ​ពួកគាត់​ខ្លះ​ធ្លាប់​ធ្វើ​កិច្ច​សន្យា​ចាក​ចេញ​ពី​ដី​ព្រៃ​សហគមន៍​បី ឬ​បួន​ដង​រួច​ហើយ។ លោក​ថា សហគមន៍​ព្រៃឈើ​ប្រមោយ ដែល​មាន​ផ្ទៃ​ដី ៦៥២​ហិកតារ បាន​បង្កើត​នៅ​ឆ្នាំ​២០០៣ ត្រូវ​ក្រុម​ពលរដ្ឋ​ទន្ទ្រាន​យក​ដី និង​បំផ្លាញ​ដើម​ឈើ​ធំៗ​ជា​ច្រើន​ដើម៖ «យើង​ដឹង​ ហើយ គាត់​រួម​គ្នា​បង្កើត​សហគមន៍​ហ្នឹង គឺ​មិន​ចង់​ឲ្យ​គ្នា​គាត់ ឬ​នរណា​ផ្សេង​មក​យក​ដី​ដោយ​កាប់​ព្រៃ​នៅ​ក្នុង​តំបន់​ហ្នឹង។ ចាំ​មើល​យើង​ពិនិត្យ​តាម​សម្រង់​ហ្នឹង​សិន គឺ​ចំនួន​គ្រួសារ​ដែល​អះអាង​ថា​ម៉េច? ហើយ​អាជ្ញាធរ​នឹង​ពិភាក្សា​គ្នា​បន្ថែម​ទៀត»

មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO)​ ខេត្ត​ពោធិ៍សាត់​ ឲ្យ​ដឹង​ថា ក្រុម​ការងារ​មិន​អាច​ចុះ​ស៊ើបអង្កេត​ករណី​នេះ​ទេ ព្រោះ​មិន​ទាន់​មាន​ពាក្យ​បណ្ដឹង​ផ្លូវការ​ពី​ពលរដ្ឋ។ ប៉ុន្តែ​គេ​សង្ឃឹម​ថា នឹង​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ​ឆាប់ៗ ក្រោយ​ពី​ប្រឹក្សា​ផ្លូវ​ច្បាប់​កាល​ពី​ថ្ងៃ​ទី១ ខែ​មីនា ហើយ​ក្រុម​ការងារ​អាច​នឹង​ចុះ​ស៊ើបអង្កេត​បាន​ដល់​ទីតាំង​ដី​មាន​ជម្លោះ​នៅ​ក្នុង​សប្ដាហ៍​២ នៃ​ខែ​មីនា ខាង​មុខ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: